រឿង គ្រោះថ្នាក់ចរាចរណ៍ (Traffic Accident)
នៅលើដងផ្លូវដ៏ខ្វែងខ្វាត់ ពូសុខកំពុងបើកម៉ូតូដ៏កញ្ចាស់ ឌុបស្រា៥ប៊ីដុងធំៗ ប្រឹងទប់ចង្កូត ស្រាប់តែប្រទះនឹងម៉ូតូឌុបមាន់យ៉ាងណែនរបស់ពូសៅ បើកកាត់យ៉ាងលឿន ធ្វើអោយពូសុខចាប់ហ្វាំងមិនទាន់ ក៏ជ្រុលចង្កូតបុកគ្នាលឺសូរគ្រាំង។
- ពូសុខ : នែ! អ្នកឯងបើកមូតូយ៉ាងម៉េច អត់មានមើលធ្វេង មើលស្តាំអីសោះ?
- ពូសៅ : ខ្ញុំបើកគោរពតាមភ្លើងបៃតងរបស់ផ្លាកចរាចរណ៍ ហើយតា មកពីអ្នកឯងហ្នឹងនេះភ្លើងពណ៌ក្រហមហើយ នៅតែបើកមកទៀត។
- ពូសុខ ទេ! ពេលខ្ញុំមកនោះភ្លឿងវាពណ៌លឿង ហើយភ្លឿងស្តុបមិនទាន់ប្តូរពណ៌បៃតងស្រួលបួលផង អ្នកឯងបើកមកតែម្តង។
ប៉ូលីសមកដល់
- ប៉ូលីស ក្នុងចំណោមអ្នកទាំងពីរ នរណាជាដើមហេតុធ្វើអោយមានឧបវហេតុនេះកើតឡើង?
- ពូសៅ គឺគេហ្នឹងហើយ លោកប៉ូលីស
- ពូសុខ មិនមែនខ្ញុំទេ គឺគេទៅទេ
- ប៉ូលីស បាន! បាន! កុំប្រកែកគ្នា ទៅប៉ុស្តប៉ូលីសជាមួយខ្ញុំទាំងអស់គ្នា
នៅប៉ុស្តប៉ូលីស
- ពូសៅ លោកប៉ូលីសត្រូវតែជឿខ្ញុំណា! ខ្ញុំមិនមែនជាអ្នកនាំហេតុមុនទេ។ នេះខ្ញុំខូចខាតអស់ច្រើនណាស់លោកប៉ូលីស ម៉ូតូក៏ខ្ទេច មាន់ក៏ងាប់។
- ពូសុខ នែ! ប៉ុណ្ណឹងមានអីអស្ចារ្យ ខ្ញុំខូចខាតអស់ច្រើនជាងឯងទៅទៀត ស្រាពីរប៊ីដុងរបស់ខ្ញុំក៏គំពប់ ជើងក៏របួស។ លោកដឹងទេថាស្រាខ្ញុំជាស្រាល្អ និងថ្លៃ វាផលិតពីអង្ករដំណើបសុទ្ធពីធម្មជាតិ មានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ កេរ្តិ៍ឈ្មោះវាល្បីល្បាញតាំងពីជំនាន់ជីដូនជីតាខ្ញុំម្ល៉េះ
- ពូសៅ លោកប៉ូលីស ខ្ញុំទេជាអ្នកខូចខាតអស់ច្រើន ព្រោះមាន់ខ្ញុំថ្លៃជាងស្រារបស់គេ។ មាន់ខ្ញុំ ខ្ញុំចិញ្ចឹមដោយផ្ទាល់ដៃ វាជាពូជមាន់កាត់ មានកំលាំងខ្លាំង ជល់មិនដែលចាញ់មាន់គេម្តងណាទេ ហើយបើសាច់វាវិញ បើបានហូបវិញធានាថាជាប់ចិត្តតែម្តង ព្រោះសាច់វាផុយផ្អែម ឯងឆ្អឹងវាវិញខ្ចីស្រួយ ប៉ូវកំលាំង ប៉ូវក្រលៀន នេះជាមាន់ឆ្ងាញ់បំផុត។
- ប៉ូលីស បាន! បាន! ឈប់ឈ្លោះប្រកែកគ្នាទៀតទៅ កាន់តែនិយាយ កាន់តែលេបទឹកមាត់។ មើល! ពូអ្នកឌុបស្រា ស្រាពូឯងកំពប់អស់ពីរប៊ីដុងមែនទេ? ឯពូអ្នកឌុបមាន់ មាន់ពូឯងស្លាប់អស់៥ក្បាលមែនទេ? អ្នកទាំងពីរសុទ្ធតែជាអ្នកខុសពីព្រោះ ម្នាក់ដឹងថាភ្លើងលោតពណ៌លឿងហើយនៅបន្ថែមល្បឿនទៀត ឯម្នាក់ទៀត ភ្លើងប៉ៃតងមិនទាន់ចេញស្រួលបួលផង បើកទៅមុខទៀត។ អ្នកដែលត្រូវនោះ គឺស្រា និងមាន់។ ពិតជាគួរអោយស្តាយមែន ស្រាត្រូវកំពប់ចោល ហើយមាន់នេះងាប់ទៀត។ និយាយអញ្ចឹងមាន់ និងស្រាពូពិតជាមានរសជាតិឆ្ងាញ់ណាស់មែនទេ? នេះបើបានក្លែបជាមួយគ្នា មិនដឹងជាចាប់ជាតិគ្នាយ៉ាងណាទេ? យើងគួរតែជុំគ្នា ហើយសាកល្បងរាប់អានគ្នាសាកមើលទៅ។
- ពូសុខ និងពូសៅ ដូចជាគំនិតល្អដែរ
ដោយ ម៉ារ៉ាឌី
©២០១១
Comments
Post a Comment