រឿង ផ្កា​កំពុង​រីក (Blooming)

ជីវិត​ខ្ញុំប្រៀប​ដូចជាផ្កាមួយទង​ ដែល​កំពុងអណ្តែត​លើ​ផ្ទៃទឹក។ ទឹក​ហូរ​យឺត ខ្ញុំអណ្តែត​សន្សឹម​ៗ ទឹក​ហូរ​កាន់​តែ​ខ្លាំង​ ខ្ញុំ​អណ្តែត​កាន់​តែ​លឿង។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គ្មាន​កំលាំង​ទប់​ទល់នឹង​ចរន្ត​ទឹក​បែប​នេះ?
ដើម្បី​ចង់​ដឹង​ ចង់​ស្គាល់ពិភព​ខាង​ក្រៅ ខ្ញុំប្រឹង​ធំធាត់ឡើង​ដោយ​អំណាចនៃជីវជាតិ​ល្អ។ ដើម​ធំ​លូត​ធំ​បន្តិច​​ម្តងៗ ចេញ​ជា​មែក​ ជាស្លឹក និ​ពន្លក​ផ្កា​ក្រពុំ។​ ផ្កា​ពន្លា​ស្រទាប់​ម្តង​មួយៗ ហាក់​កពុង​លាត​ត្រដាង​អំពី​សម្រស់ ដ៏​ល្អ​ឯក​របស់​ខ្លួន ព្រម​ជា​មួយ​គន្ធពិដោរ​ដ៏​ឈ្ងុយ​ឈ្ងុប។ ផ្កា​ដែល​រីក​ដោយ​កំលាំង​ធម្មជាតិ គឺ​ជា​ផ្កា​ដែល​មាន​តំលៃ និង​ពោល​ពេញ​ដោយ​មោទនភាព តែ​ចំពោះ​ផ្កាដែល​ត្រូវ​គេ​កាត់​ផ្តាច់​ ចេញ​ពី​ដើម យក​គ្នា​ទៅ​ដាក់​ក្នុង​ថូ សំរាប់​តាំថង​លំអ​ហើយ​ដាក់​ថ្នាំ​ថែ​រក្សា​សំរស់ ផ្កា​ពិត​ជា​អាច​រក្សា​សោភ័ណ្ឌ​ភាព​របស់​​ខ្លួន​បាន​យូរ ប៉ុន្តែ​មុន​ និង​ក្រោយ​ផ្កា​នៅ​តែ​ស្វិត​ក្រៀម​ស្រពោន​ដដែរ។

ខ្ញុំ
​អង្គុយ​ឆ្លុះ​កញ្ចក់​តែ​ម្នាក់​ឯង ខំ​ប្រឹង​ញញឹម​ផ្អៀង​ផ្អង​ មើល​ចុះ​មើល​ឡើង ដើម្បី​គយ​គន់​ពី​សម្រស់​របស់​ខ្លួន​។​ ស្ថិត​ក្នុង​វ័យ​ ១៦​ឆ្នាំ ទោះ​បី​ខ្ញុំ​ដូច​ជា​ស្គម​បន្តិចក្តី​ក៏​ខ្ញុំ​គិត​ថា​​ដង​ខ្លួន​ និង​រាង​កាយ​របស់​ខ្ញុំពិត​ជា​ស្រស់​សោភា។​ កែវ​ភ្នែក​របស់​ខ្ញុំ​មូល​ក្រឡង់​ គ្រប​ទៅ​ដោយ​រោម​ភ្នែក​ក្រាស​ និង​វែង ងឡើង​លើ ហើយ​បែរ​ជា​រោម​ចិញ្ចើម​វិញ​ដុះ​ខ្ពស់​ សម​ឥត​ទាស់​ជា​មួយ​ច្រមុះ​ដ៏​តូច​ស្រួច​ច្រឡឹង។​ ថ្ពល់​ទាំង​គូរ​រលោង​ម៉ត់ពិត​ជា​សម​នឹង​ទម្រង់​មុខ​ និង​បបូរមាត់​ក្រហម​របស់​ខ្ញុំ​ណាស់។​
ជា​រៀង​រាល់​ថ្ងៃ មុន​ពេល​ខ្ញុំ​ចេញ​ដំនើរ​ទៅ​សាលា​រៀន​ ខ្ញុំ​តែង​ចំណាយ​ពេល​យូរ​សំរាប់​ការ​តុប​តែង​ខ្លួន​ប្រាណ។​ បើសិន​ជា​​ខ្ញុំ​មិន​ស្អាត មិន​ប្លែក​ ខ្ញុំ​ពិត​ជា​មិន​អាច​ទៅ​សាលា​បាន​ទេ​ ហើយ​វា​មិន​សម​នឹង​រហ័ស​នាម​របស់​ខ្ញុំ «កំពូល​ស្រី​ស្អាត​ប្រ​ចាំ​សាលា»។ ខ្ញុំ​ចូល​ចិត្ត​ភាព​ទំនើប ហ៊ីហ៊ា​ និង​ទាន់​សម័យ ព្រោះ​ខ្ញុំ​ចង់​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍​ និង​ស្ងើច​សរសើរ​ខ្ញុំ​គ្រប់​ពេល។ ក្នុង​ឯក​សណ្ឋាន​សិស្ស​វិទ្យា​ល័យ ខ្ញុំ​តែ​គោរព​បទ​បញ្ជារ​សាលា​បាន​ខ្ជាប់​ខ្ជួន​ តែ​លោក​គ្រូ​ អ្នក​គ្រូ​ ចេះ​តែ​រក​រឿង​មិន​ឈប់​សោះ។​ ខ្ញុំ​តែ​ជំរាប​គាត់​ថា ខ្ញុំ​ស្លៀក​សំពត់​ពណ៌​ទឹក​ប៊ិច​ហើយ​តើ តែ​វា​គ្រាន់​តែ​ខ្លី​បន្តិច អាវ​ពណ៌​ស​ តែ​គ្រាន់​តែ​រឹត​រាង​បន្តិចទេ​តើ។​ សម័យ​នេះ​ហើយ​នៅ​ស្លៀក​ស្រុង​លើ​ស្រុង​ក្រោម ពិបាក​ដើរ​ ហើយ​អាក្រក់​មើល​ណាស់ បើ​បាន​ស្លៀក​ប្រកដ​ជា​ក្លាយ​ជា​ទីង​ម៉ោង​តែ​ម្តង។​ ថ្ពាល់​ទាំង​គូរ​ រំលេច​ពណ៌​ក្រហម​ បបូរ​មាត់​រំលេច​ពណ៌​ផ្កា​ឈូក រោម​ភ្នែក​ខ្មៅ​ដិត​បន្ថែម​ដោយ​ម៉ាសាការ៉ា​ ព្រម​ជា​មួយ​សក់​ហាយ​ឡាយពណ៌ ក្រហម​ចង​លើក​ឡើង​លើ​យ៉ាង​ខ្ពស់​។​ មុន​ពេល​ចេញ​ដំណើរ​ទៅ​មុខ ខ្ញុំ​មិន​ដែល​ភ្លេច​បង្វិល​កាយ​ដ៏​តូច​ច្រឡឹង​របស់​ខ្ញុំ​ឡើយ។​
នៅ​សាលា​រៀន​ ខ្ញុំ​បាន​ស្គាល់​​ និងរាប់​អាន​ជាមួយ​មិត្ត​ភក្កិ​ជា​ច្រើន​ ពួក​គេ​សុទ្ធ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ប្រហាក់​ប្រ​ហែល​នឹង​ខ្ញុំ។ ពួក​យើង​ចុះ​សំរុង​នឹង​គ្នា​ខ្លាំង​ណាស់ ហើយ​ពួក​យើង​ក៏​ជា​ក្រុម​ដែល​លេច​ធ្លោល​ក្នុង​សាលា។ យើង​ពិត​ជា​ស្អប់​នូ​វ​ធម៌​ទេសនាដ៏​គួរ​អោយ​ធុញ​ទ្រាន់​​របស់​លោក​គ្រូ អ្នក​គ្រូ​​ ព្រម​ទាំង​ម៉ាក់​ប៉ា​របស់​យើង។ ពួក​គាត់​កើត​នៅ​ជំនាញ​មុន​ ហើយ​ពួក​គាត់​មិន​ដែល​យល់​ពី​ភាព ប្រែ​ប្រួល​ពីជំនាន់​មុខ​ និង​ជំនាន់​ឥឡូវ។​​ ពួក​យើង​ចូល​ចិត្ត​សំភារះថ្មីៗ ពេញ​និយម និង​ទាន់​សម័យ​។ ដើម្បី​ដើរ​អោយ​ទាន់​សម័យ​និយម ម៉ូតូ និង​ទូរ​ស័ព្ទដៃ​​របស់​ខ្ញុំ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់ រហូត​មក​ទល់​ពេល​​នេះ​ ខ្ញុំ​មិន​បាន​ចង​ចាំ​ថា​ខ្ញុំ​បាន​ប្រើប្រាស់​ពួក​គេ​អស់​ប៉ុន្មាន​ទៅ​ហើយ​នោះ​ទេ?
ពេល​មួយ​បាន​មក​ដល់​ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ចាប់​ផ្តើម​ធ្លាក់​ក្នុង​អន្លង់​ដ៏​ជ្រៅ​ដោយ​មិន​ដឹង​ខ្លួន​ខ្ញុំ​ហាក់​វង្វែង​ក្នុង​ល្អាង​ដែល​ងងឹត​ស្លុប និង​មាន​ពន្លឺ​តូចៗ​ចាំងចូល​គ្រប់​ទីកន្លែង។ តើ​ខ្ញុំ​ត្រូវ​ជ្រើស​រើស​យក​ពន្លឺ​មួយ​ណា​ដើម្បី​ដើរ​ចេញ​អោយ​ផុត​ពីទី​ងងឹត​នោះ? ទី​បំផុត​ខ្ញុំ​ក៏​សំរេច​ចិត្ត​ដើរ​ចេញ​ដោយ​គ្មាន​តំរុយ​ ស្វែង​រក​ច្រក​ចេញ​ដោយ​​ក្តីសង្ឃឹម តែ​ព្រះ​អាទិត្យ​បាន​អស្តង្គត​ទៅ​ហើយ​។
ក្នុង​វ័យ​ ១៧​ឆ្នាំ ខ្ញុំ​បាន​សេព​គប់​ជាមួយ​មិត្ត​ប្រុស​ម្នាក់ ចំណង់​មិត្ត​ភាព​ក្លាយ​ជា​ស្នេហា។ គេ​មាន​វ័យ​ស្របាលៗ​ នឹង​ខ្ញុំ​ដែរ​ ហើយ​គេ​ពិត​ជា​សំដី​ពិរោះ​ ទន់​ភ្លន់ ព្រម​ទាំង​ការ​យក​ចិត្តទុក​ដាក់​លើ​រូប​ខ្ញុំ​គ្រប់​ពេល​វេលា។ ពួក​យើង​បាន​ចំណាយ​ពេល​​ច្រើន​ជាមួយ​គ្នា គេ​ជា​មនុស្ស​សំបូរ​ស្នេហ៌​ និង​ពូ​កែ​ស្គាល់​ទី​កន្លែង​ជា​ច្រើន។ យើង​ជិះ​ម៉ូតូ​ឌុប​គ្នា​យ៉ាង​ស្និត​ស្នាល​តាម​ដង​វិថី​មុខ​ព្រះ​បរម​រាជ​វុំាង មាត់​ទន្លេ​ វត្ត​ភ្នំ ដើម្បី​បង្អួត​អោយ​គេ​ឃើញ​ថា​គូរ​ស្នេហ៍​របស់​យើង​ពិត​ជា​គួរ​អោយ​ច្រណែន។​ ពួក​យើង​មិន​ដែល​បារម្ភពី សុវត្ថិភាព​ក្នុង​ការ​បើក​បរ ពេល​ខ្លះ​យើង​បាន​បង្កើន​ល្បឿន​ ឆ្លង​កាត់​ភ្លើង​ស្តុប​ពណ៌​ក្រហម​​​យ៉ាង​លឿន ស្រប​ពេល​ដែល​ប៉ូលីស​ផ្លុំ​កញ្ចែរ ច្រែកៗ។ យើង​បើក​ដោយ​ល្បឿន​យ៉ាង​លឿន​ ធ្វើ​អោយ​ប៉ូលីស​មិន​ហាន​ស្ទាក់​ផ្លូវ​ ហើយ​យើង​នាំ​គ្នា​សើច​ក្អាក​ក្អាយ បែរ​មើល​ទៅ​ប៉ូលីស។​ កន្លែង​ណាត់​ជួប​របស់​ពួក​យើង​គឺ​រូ​មែន​ទិក​ណាស់​ ទាំង​អាហារ​ និង​ភេសជ្ជះ​សុទ្ធ​តែ​មាន​ឈ្មោះ​បរទេស និង​ពេញ​និយម​សំរាប់​យុវវ័យ។ នៅ​ទី​នោះ​យើង​អាច​ញុំា​បណ្តើរ ច្រៀង​ខារ៉ាអូ​ខេបណ្តើរ នេះ​ពិត​ជា​ពិភព​ដ៏​សែន​រីក​រាយ​ខ្លាំង​ណាស់។​
​​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ តែ​យុវវ័យ​ដូច​ខ្ញុំ​ចូល​ចិត្ត​ហៅ​ថា​ជា​បុណ្យ​សង្សា​ ជា​ថ្ងៃ​ពិសេស​សំរាប់​យើង​ណាស់​។ យើង​មិន​ទៅ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ក្នុង​ការ​អង្គុយ​​ងងុយ​គេង​ក្នុង​ថ្នាក់​ និង​ស្តាប់​ពាក្យ​ដ៏​គួរ​អោយ​ធុញ​ទ្រាន់​របស់​លោក​គ្រូ អ្នក​គ្រូ​ យើង​ត្រូវ​តែ​ចំណាយ​ពេល​វេលា​នេះ​ដើម្បី​បង្ហាញ​ពី​ក្តី​ស្នេហា​ និង​ភាព​រីក​រាយ។​ យប់​នេះ​យើង​នាំ​គ្នា​ចូល​ក្លឹប​កំសាន្តរាត្រី​សំរាប់​​យុវវ័យ ដែល​មាន​ភ្លើង​ពណ៌​គ្រប់​ចំរុះ។ មនុស្ស​ម្នាល​ដែល​មាន​វ័យ​ស្របាលៗ​ខ្ញុំ​ ស្លៀក​ពាក់​ស៊ិចស៊ី កំពុង​អង្គុយ​សំណេះ​សំណាល​គ្នា​យ៉ាង​ផ្អែម​ល្ហែម​ ទាំង​គូរៗ ខ្លះ​កៀកក សើច​ក្អាក​ក្អាយ ច្រៀង​ រាំ​ និង​ផឹក​ស្រាជា​ដើម​។ មិត្ត​ប្រុស​ខ្ញុំ​បាន​ហុច​ផ្កា​កុលាប​មួយ​ទង​ពណ៌​នក្រហម​ ជាមួយ​នឹង​ពាក្យ​សំដី​លួង​លោម​ស្នេហា «ថ្ងៃ​នេះ​អូន​ពិត​ជា​ស្រស់​ស្អាត​ជាង​គេ​លើលោក បង​បាន​អូន​ជា​សង្សា​ បង​ពិត​ជា​សំណាង​ណាស់ បង​ចង់​រស់​នៅ​ជា​មួយ​អូន​អស់​មួយ​ជីវិត»។ សំដី​នេះ​ធ្វើ​អោយ​បេះ​ដូងរបស់​ខ្ញុំ​លោត​ខុស​ពី​ធម្មតា គេ​នៅ​តែ​សរសើរ​ពី​សម្រស់​របស់​ខ្ញុំមិន​ដាច់​ពី​មាត់​​ និងទទូច​សុំ​ប៉ះ​ពាល់​ខ្លួន​ប្រាណ។​ ភាព​ស្និត​ស្នាល​ព្រម​ជា​មួយ​ជាតិ​សុរា​ក្នុង​ខ្លួន​ ខ្ញុំ​មិន​បាន​គិត​ពី​លទ្ធផល​នៃ​សំណូម​ពរ​របស់​គេ ខ្ញុំ​ក៏​ងក់​ក្បាល​យល់​ព្រមនឹង​គេ។ ពេល​វេលានេះ​ជា​ពេល​ដែល​ខ្ញុំ​មាន​ក្តី​សុខបំផុត​ និង​ឈឺ​ចាប់​បំផុត​ដែរ។ ជា​អកុសល​ យើង​រាប់​អាន​គ្នា​បាន​ត្រឹម​តែ​ពីរ​ខែ​ប៉ុណ្ណោះ ចំណង​ស្នេហ៍​បាន​រសាយ​បន្តិច​ម្តងៗ ព្រោះ​ពួក​យើង​ចាប់​ផ្តើម​ធុញ​ទ្រាន់​នឹង​គ្នា​ ហើយ​ក៏​បែក​ឈប់​ទាក់​ទង​គ្នា។​​ ចំពោះ​ខ្ញុំ​គេ​ចាប់​ផ្តើម​គ្មាន​តំលៃត​ទៅ​ទៀត ព្រោះ​ខ្ញុំ​ជា​ស្រី​ស្អាត អ្នក​ណាៗ​ក៏​តាម​សុំ​ស្នេហ៍ ទាំង​កូន​អ្នក​មាន​ ទាំង​សង្ហា និង​ហ៊ឺហារ។​ ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​ជាកូន​អ្នក​មាន​ និង​បង​ធំ​ប្រចាំ​សាលា។ ធ្វើ​ជា​សង្សា​របស់​គេ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ គ្មាន​នរណា​ហាន​ធ្វើ​បាប​ មើល​ងាយ​ សូម្បី​តែ​លោក​គ្រូ​អ្នក​គ្រួ ក៏​មិន​ហាន​នឹង​ខ្ញុំ​ដែរ។ គេ​បាន​ចំណាយ​លុយ​ច្រើន​ឥត​ខ្វះ​សំរាប់​ការ​ដើរ​ស៊ី​ចាយ​ហ៊ឺ​ហា ទិញ​សំភារះ​ថ្លៃៗ និង​ទំនើបៗ​ បំពេញ​ចិត្ត​ខ្ញុំ​។ ​ ​​ ​​ 
សេព​គប់​គេ​កាន់​តែ​យូរ​ទើប​ខ្ញុំ​ដឹង​ពីគេ​កាន់​តែ​ច្បាស់​ គេ​កំពុង​តែ​បោក​ប្រាស់​ និង​កេង​ចំណេញ​ពី​ខ្ញុំយ៉ាង​ពិត​ប្រកដ។ ថ្ងៃ​មួយ​គេ​បាន​បង្ខំ​ខ្ញុំ​អោយ​ចាក់​ថ្នាំ​ញៀន​ ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​គេ​ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​ទាសក​របស់​គេ គេ​បាន​គំរាម​ និង​អោយ​បក្ស​ពួក​របស់​គេ​ចាប់​ខ្ញុំ​យ៉ាង​ជាប់។ មុខ​ម្ជុល​ស៊ឺរុំាង​ត្រូវ​ចាប់​ផ្តើម​ចាក់​ចូល​ក្នុង​សាច់​ បញ្ចូល​ទឹក​ម្តង​បន្តិចៗ រហូត​ទាល់​តែ​អស់។ ខ្ញុំ​បាន​ចាប់​ផ្តើម​បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បន្តិច​ម្តងៗ​​ ហើយ​ចាប់​ផ្តើម​ក្លាយ​ជា​មនុស្ស​ថ្មី​ ដែល​​ធ្វើ​អោយ​ខ្ញុំអាច​មើល​ឃើញ​នូវ​ពិភព​ឋាន​សួគ៌​​។ អ្វីៗ​នៅ​មិន​ទាន់​បញ្ចប់​ ខ្ញុំ​ក្លាយ​ជា​ក្មេង​ញៀន​ថ្នាំ និង​ដើរ​លក់​ថ្នាំ​ញៀន​ដោយ​ផ្ទាល់។ ខ្ញុំ​បាន​ព្យាយាម​ដើរ​អូស​ទាន​មិត្ត​ភក្កិ​ដែល​ធ្លាប់​ និង​រៀនជាមួយ​ ព្រម​ទាំង​អតិថិជន​ដទៃ​ទៀត​ដែល​សុទ្ធ​តែ​ជា​សិស្ស​សាលា​។​ ខ្ញុំ​បាន​ដើរអូស​ទាញ​ពួក​គេ​ដោយ​ការ​បបួល​គេ​ដើរលេង ហៅ​ចូល​ញុំា​នេះ ​ញុំា​នោះ និង​ចូល​កន្លែង​សប្បាយៗ។ មាន​ថ្ងៃ​​មួយ​នោះ​មិត្ត​ប្រុស​របស់​ខ្ញុំ​ បាន​នាំ​ខ្ញុំ​ទៅ​ហាង​ពិសេស​មួយ​ ហើយ​គេ​បាន​បង្ខំ​ខ្ញុំ​អោយ​គេង​ជាមួយ​ថៅ​កែ​ម្នាក់​។ ចាប់​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​បាន​ក្លាយ​ជា​ស្រ្តី​លក់​ខ្លួន​ និង​បានទាក់​ទង​ថៅ​កែ​នោះ​រហូត​គាត់​ប្រគល់​ការងារ​គ្រប់​គ្រង​បា​ដល់ខ្ញុំ។ ដើម្បី​លុយ ខ្ញុំ​បាន​ដើរ​ទាក់​ទង​សិស្ស​សាលាស្រីៗ ធ្វើ​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ។ ខ្ញុំ​បាន​ដឹង​មុន​ហើយ​ថា​ ការងារ​នេះ​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​ ប៉ុន្តែ​លុយ​បាន​ក្លាយ​ជា​វត្ថុ​សំខាន់​សំរាប់​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​បាន​ក្លាយ​ជា​បង​ស្រី​ប្រចាំ​បា​ ទាក់​សិស្ស​សាលា សំរាប់​ថៅ​កែៗ។ សម័យ​ឥ​ឡូវ​ពិត​ជា​ទំនើប​ណាស់​​ មាន​ថ្នាំ​គ្រប់​ប្រភេទ​សំរាប់​ទប់​ទល់​នឹង​ការមាន​កូន​ និង​រំលូត​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​។
តែ​ពេល​នេះ  ថ្ងៃ​នេះ​ខ្ញុំ​បាន​ផ្ទក​មេរោគ​អេដស៍ ទោះ​បី​ជា​ខ្ញុំ​ថែ​រក្សា​សម្រស់​យ៉ាង​ណា​ក៏​ដោយ ក៏​ស្នាម​ជ្រួញ​នូវ​តែ​លេច​ឡើង​ សាច់​ដែល​ស​ខ្ចី​ប្រែ​ជា​ពណ៌​ស្រអាប់​ ដូ​ច្នោះ​ខ្ញុំ​មិន​អាច​ប្រណាំង​ប្រជែង​ជាមួយ​ក្មេង​ជំនាន់​ក្រោយ​បាន​ទេ។​ នៅ​ពេល​ដែល​ផ្កា​នៅ​ក្នុង​ថូ​របស់​អ្នក​ស្វិត​ក្រៀម​ នោះ​អ្នក​នឹង​បោះ​វា​ចោល។​ ខ្ញុំ​ចាប់​ផ្តើមភ្ញាក់​ខ្លួន​ និង​រត់​ចេញ​ពី​រណ្តៅ​កង្វក់​នោះ តែ​ខ្ញុំ​មិន​អាច​ជំរះ​ក្លិនភក់​ជ្រាំ​ដ៏​អសោច​នេះ​បាន​ទាល់​តែ​សោះ។ មិន​មែន​ថា​ខ្ញុំ​គ្មាន​គ្រួសារ​អូស​ទាញ​ទេ​ ប៉ុន្តែ​ពួក​គេ​បាន​បោះ​បង់​ខ្ញុំ​ចោល​ទៅ​ហើយ។
នឹក​ដល់​ជំ​ងឺអេដស៍​ដែល​កំពុង​ផ្ទុក​ក្នុង​ខ្លួន​របស់​ខ្ញុំ នឹក​ដល់​សេចក្តី​ស្លាប់ ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ខ្ញុំ​មិន​ចង់​អោយ​ថ្ងៃ​នោះ​មក​ដល់​ទេ។ ខ្ញុំ​ឃើញ​មិត្ត​រួម​ថ្នាក់​ គេ​មាន​ការងារ​ល្អ​ធ្វើ មាន​គ្រួសារ មាន​សុភមង្គល ចំនែក​ខ្ញុំ​ តើ​អណា​គត​ខ្ញុំ​នៅ​ឯណា? បើ​ពេល​នេះ​សូម្បី​តែ​ជំហាន​ជើង​ដែល​ដើរ​ទៅ​មុខ​ ក៏​ខ្ញុំ​លើក​មិន​ចង់​រួច​ផង។ តាម​ដង​ផ្លូវ​គ្រប់​វិថី​ ពោល​ពេញ​ដោយ​ភ្លៀង និង​ទឹក​លេច​គ្រប់​ទី​កន្លែង តើ​ផ្ទះ​ខ្ញុំ​នៅ​ឯណា? តើ​អណា​គត ជីវិត​របស់​ខ្ញុំ​បញ្ចប់​នៅ​ពេល​ណា? តើ​នេះ​ជា​កំហុស​ខ្ញុំ​ រឺ​ ព្រហ្ម​លិខិត? គេ​ថា​អ្នក​ដើរ​កាត់​ភ្លៀង​រមែង​ទទឹក តែ​ផ្លូវ​នេះ​ខ្ញុំ​ជា​អ្នក​សំរេចចិត្ត បើ​ខ្ញុំ​មិន​ដើរ​កាត់​ភ្លៀង​ ខ្ញុំ​ក៏​​មិន​ទទឹក​ដែរ តើ​ពិត​មែន​ទេ?​ ​
«ចប់»
និពន្ធដោយ  ម៉ារ៉ាឌី

©២០០៨

Comments

Popular posts from this blog

Please Help to Support Sok Yi's Education

Visiting Phu Quoc Island (Koh Tral)