រឿង ភ្លៀង​ធ្លាក់​ក្រោម​មេឃ​ងងឹត (Rain dropped under dark sky)





  • នែ៎ពួក​យើង នាំត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​ណា នេះ​មេឃ​ងងឹត​រក​កល់​នឹង​ភ្លៀង​ហើយ។
  • តោះ​អញ្ចឹង យើង​រុះ​រាន់​​ឡើយ​ ដើម្បី​កុំ​ឱ្យទទឹក​ទឹក​ភ្លៀង។
  • ចុះ​ឯង​ម៉េច​ក៏​មិន​មក​ជួយ​ប្រមូល​ឥវ៉ាន់​គ្នា គិត​តែ​ឈរ​បញ្ជារ!
ទាំង​នេះ​ជា​សំលេង​របស់​ក្រុម​សិស្ស​សាលា​មួយ​ក្រុម​ ដែល​មាន​វ័យ​ប្រមាណ​ជា​ ១៤​ ទៅ​ ១៦​ ឆ្នាំ។​ សំលេង​ប្រកែក​គ្នា​មាន​ទាំង​ស្រី​ មាន​ទាំង​ប្រុស ប្រមាណ​ជាជិត​ ១០​នាក់ ហាក់​កំពុង​ភិត​ភ័យ​នឹង​ភ្លៀង​ដែល​ជិត​ធ្លាក់​មក ប៉ុន្តែ​រលក​សំលេង​របស់​គេ​​ ឡាយ​ឡំជា​មួយ​សំលេង​សើច​ក្អាក​ក្អាយ ដែល​អាច​បង្ហាញ​ពី​ភាព​រីក​រាយ​នៃ​ដំណើរ​កំសាន្ត។​ 
នៅ​ឆ្នាំ​២០០៨ ខ្ញុំ​បាន​ចូល​រៀន​ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នី​តិ​សាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ចនៃ​ទី​ក្រុង​ភ្នំ​ពេញ។ នៅ​ថ្ងៃ​មួយ​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ទៅ​កាន់​ខេត្តកំពង់​ធំ​ជា​មួយ​មិត្ត​ភក្តិ​ប្រមាណ​ជា​ បួនទៅ​​ប្រាំនាក់​ ដើ​ម្បី​ចូល​រួម​ពិធីបុណ្យ​សព​ប្អូន​ប្រុសរបស់​​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ​រក្សា។​ រក្សា​ជា​កូន​ស្រី​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ប្រាំ​នាក់ និង​មាន​ម្តា​យ​ជា​ស្ត្រីមេម៉ាយ។ ម្តាយ​របស់​រក្សា បាន​បាត់​បង់​កំលាំង​ចិត្ត​ត​ស៊ូ​ក្នុង​ជីវិត​ និង​ធ្លាក់​ខ្លួ​ន​ឈឺ​ បន្ទាប់​ពីស្វាមី​ដែល​ជា​ជំហរ​គ្រួសារ​បានទទួល​មរណភាពទៅ។​ ម្តាយរបស់រក្សា​ទទួល​ភាព​បរាជ័យ​ក្នុង​ជីវិត​ជា​ច្រើន​ដង បូក​រួម​ទាំង​ការ​ឆេះ​តូប​លក់​ឥវ៉ាន់ ដែល​​បំផ្លាញ​មុខ​របរ​គាត់​អស់​គ្មាន​សល់​ ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​តស៊ូ​ចិញ្ចឹម​កូន​ប្រុស​ និង​កូន​ស្រី​ទាំង​ដែល​ខ្លួន​មាន​សុខ​ភាពមិនសូវ​​ជា​នា រហូត​ដល់​កូន​ប្រុស​កូន​ស្រី​ ធំ​ពេញ​ក្រ​មុំ កំលោះ​ ហើយ​មាន​គ្រួសារ និង​​កូន​។
ខ្ញុំ​បាន​មក​ដល់ផ្ទះ​រក្សា​ប្រ​មាណ​ជា​ម៉ោង​មួយ​រសៀល។ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល និង​តក់​ស្លត់​យ៉ាង​ខ្លាំង​ នៅ​ពេល​ខ្ញុំ​ឃើញ ផ្ទះពីរ​ជាប់​របង​គ្នា ប្រារព្ធ​បុណ្យ​សព​ទន្ទឹម​គ្នា។​ រូប​ថត​មរណ​ជន​ត្រូវ​បាន​ដាក់​តាំង​យ៉ាង​ធំ ម្នាក់ៗ​សុទ្ធ​តែ​មាន​ទឹក​មុខ​អង់​អាច​ និង​ស្រស់​សង្ហា។​ ក្នុងវ័យ ១៤ ទៅ​ ១៥ ឆ្នាំ ជា​វ័យ​ដែល​កំពុង​លូត​លាស់ ទាំង​រាង​កាយ​ និង​ប្រាជ្ញា​ស្មារតី​ ហើយ​ក្នុង​វ័យ​នេះ​ពួក​គេ​ពិត​ជា​ចង់​ដឹង​ ចង់​លឺពី​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន​ តែ​ក៏​មាន​ចរឹក​​​រឹង​រួស​ខ្លាំងណាស់​​ដែរ។​ មើល​ទៅ​វង់​ភ័ក្រ្តរបស់​មរណ​ជន​ទាំង​ពីរ​នេះ​ ពោល​ពេញ​ដោយ​ភាព​ជឿ​ជាក់​ចំពោះ​អនាគត​ខ្លួន​ ភាព​រីករាយ​ និង​សុភមង្គល ទោះ​បី​ជា​រូប​ថត​របស់​ពួក​គេ​ត្រូវ​បាន​រុំ​ព័ទ្ធ​ទៅ​ដោយ​ផ្កា​ពណ៌​ស និង​មាន​អក្សរ « ជាតិ​ ព្យាធិ មរណ:» នៅ​ពី​ក្រោម​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​ក៏​បាន​លឺ​សំលេង​ស្រែក​យំ​លាន់​លឺ​ទ្រ​ហឹង ​និង​មើល​ឃើញទឹក​មុខ​របស់​សាច់​ញាតិ និង​ភ្ញៀវ​ដែលចូល​រួម​បុណ្យ​សព​ពោល​ពេញ​ដោយ​ភាព​​សោក​សៅ។
ខ្ញុំ​បាន​ឃើញ រោង​បុណ្យ​ធ្វើ​ឡើង​ទន្ទឹង​គ្នា ក្តា​មឈូស​ក៏​ត្រៀម​រួច​ជា​ស្រេច​ដូច​គ្នា ញាតិ​មិត្ត​បង​ប្អូន​ចូល​រួម​ និងបង្ហាញការ​អាណិត​អាសូរ​ដូច​គ្នា ការ​ស្លាប់​របស់​ក្មេង​ប្រុស​ទាំង​ពីរ​ដោយ​ឧ​បទ្ទវហេតុជា​មួយ​គ្នា ប៉ុន្តែ​សេចក្តី​ឈឺ​ចាប់​របស់​ក្មេង​ប្រុស​ទាំង​ពីរ​មុខ​ពេល​ស្លាប់​ គឺ​មិន​ដូច​គ្នា​ទេ។ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​រក្សា​ ដោយ​ដើរ​ពី​ក្រោម​រោង​បុណ្យ​ និង​លើក​ដៃ​សំពះ​គោរព​សាច់​ញាតិ​ បង​ប្អូន​របស់​រក្សា។ ពេល​នោះ​ រក្សា​ក្នុង​សំលៀក​បំពាក់​ស​ មា​ន​ទឹក​មុខ​ស្លេក​ស្លាំង និង​ភ្នែក​ហើម​ក្រហម​ បាន​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ ដើម្បី​ទទួល​ពួក​ខ្ញុំ។​ ពួក​ខ្ញុំ​បាន​អោប និយាយផ្តល់​​កំលាំង​ចិត្ត​ និង​សូរ​សុខ​ទុក​ម្តាយ​របស់​រក្សា។ រក្សា​បាន​និយាយ​ប្រាប់​ថា ម្តាយ​របស់​នាង​បាន​សន្លប់​បី​ដង​រួច​ទៅ​ហើយ​ គាត់​ព្យា​យាម​លេប​ច្នាំ​ទប់ និង​កំពុង​អង្គុយនៅ​លើ​ផ្ទះ។ ពួក​យើង​បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ ដើម្បី​ធ្វើ​ការ​គោរព​សាក​សព។​ នៅ​លើ​ផ្ទះ​ មាន​ចាស់​ទុំ​អង្គុយ​សំណេះ​សំណាល មាន​អ្នក​ខ្លះ​អង្គុយ​យំ ហើយ​អ្នក​ខ្លះ​ទៀត​កំពុង​ដើរ​ចុះ​ដើរ​ឡើង។ នៅ​ចំ​កណ្តាល​ផ្ទះ​ មាន​ក្រណាត់​សមួយ​ផ្ទាំង​ដណ្តប់​លើ​រាងកាយ​ដែល​ឥត​វិញ្ញាណ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ហើយ​ក្រណាត់​ស​មាន​លាយ​​ពណ៌​ក្រហមជាំ និង​ខ្មៅ ជា​ផ្ទាំងៗ។ ខ្ញុំ​ឈរ​សំលឹង​មើល​ដោយ​អារម្មណ៍​គិត​ថា «​អ្នក​ស្លាប់​ផុត​ទៅទៅ​បាន​សុខ​ស្រួលហើយ គេ​នឹង​គ្មាន​ការ​ឈឺ​ចាប់ និង​សោក​សៅ​ចំ​ពោះ​រឿង​ជុំវិញ​ខ្លួន​ត​ទៅ​ទៀត ប៉ុន្តែ​អ្នក​ដែល​នៅ​រស់​គឺ​ជា​អ្នក​ដែល​ត្រូវ​ប្រឈម​មុខ​គ្រប់​រឿង​រ៉ាវ​ដែល​នឹង​កើត​មាន​បន្ត​ទៀត​នា​ថ្ងៃ​អនាគត»។​ នៅ​ចុង​ជើង​របស់​សព ខ្ញុំ​ឃើញ​ស្រ្តី​ចំនាស់ម្នាក់ មាន​ទឹក​ភ្នែក​ស្រក់​ចុះឥត​ដាច់ ហើយ​​សាច់​ដុំ​ភ្នែក​របស់​គាត់​ហើម​ប៉ោង​  គ្រប​ដណ្តប់​លើ​កែវ​ភ្នែក​ពណ៌​ក្រហម។ តាម​រយះ​រូប​រាង​ដ៏​ទ្រុឌ​ទ្រោម និង​មុខ​មាត់​របស់​គាត់​ អាច​អោយ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា​ គាត់​ជា​ម្តាយ​របស់ ​មរណ​ជន ហើយ​ក៏​ជា​ម្តាយ​របស់​រក្សា​ដែរ។ ខ្ញុំ​ និង​មិត្ត​ភក្កិ​ខ្ញុំ​បាន​លើក​ដៃសំពះ​ជំរាបសួរ និង​សួរ​សុខទុក បន្ទាប់​មក​ក៏​ទទួល​យក​ធូប​ម្តង​ម្នាក់ៗ ពី​គាត់​ដើម្បី​សំដែង​ពី​ការ​គោរព​ទៅ​ដល់​មរណជន។​ ខ្ញុំ​លួច​មើល​ម្តាយ​របស់​រក្សា​ជា​និច្ច គាត់​មិន​បាន​និយាយ​អ្វី​ច្រើន​ជា​មួ​យ​នរណាទេ គាត់​នៅ​អង្គុយ​នៅ​ចុង​ជើង​សព​របស់​កូន​ដែល​កំពុង​ដេក​ស្តូក​ស្តឹង ហើយ​សំលឹងពោល​ពេញ​ទៅ​ដោយ​ភាព​សោក​ស្តាយ​ និង​អស់​សង្ឃឹម។​ ខ្ញុំ​ពិត​ជា​​យល់​នូវ​អារម្មណ៍​របស់​គាត់​ពេល​នេះ ទោះបី​ជា​ខ្ញុំ​មិន​ដែល​ទទួល​អារម្មណ៍​ថា​ការបាត់​បង​កូន​​យ៉ាង​ណា ប៉ុន្តែធ្លាប់ទទួល​អារម្មណ៍បាត់​បង់មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​​ យ៉ាង​ណា​នោះ។ រក្សា​បាន​នាំ​ខ្ញុំ និង​មិត្ត​ភក្កិ​ខ្ញុំ ចុះ​ក្រោម​ផ្ទះ​ និង​អង្គុយ​សំ​ណេះ​សំណាល​ជា​មួយ​ញាតិមិត្ត​ ខណះ​ពេល​ដែល​ព្រះ​សង្ឃ​ចាប់​ផ្តើម​សូត្រ​ធម៌​យ៉ាង​រង្គំ។ ញាតិ​មិត្ត​ជិត​ខាង​អង្គុយ​ជុំ​គ្នា​លើ​កៅ​អី​ ជុំ​វិញ​តុ​មូល​ក្រោម​រោង​បុណ្យ ហើយ​ក៏​ដំណាល​ពី​ឧបទ្ទវហេតុ​ដែល​បណ្តាល​អោយ​ក្មេង​ប្រុស​ទាំង​ពីរ​ស្លាប់​ដូច​តទៅ÷
«ថ្ងៃ​នេះ​មេឃ​បើក​ថ្ងៃ​ស្រលះ​ល្អ​ណាស់ សុផល​ ជា​ប្អូន​ប្រុស​របស់​ រក្សា​ ក្រោក​តាំង​ពី​ព្រលឹម ដង​ទឹក​ដាក់​ពាង ស្រោច​ដំណាំ ពូន​គល់​កូន​ស្វាយ និង​សំអាត​ស្មៅ​មុខ​ផ្ទះ​យ៉ាង​ស្អាត។​ ម្តាយ​របស់​ សុផល​ភ្ញាក់​ពី​សំរាន សំលឹង​មើល​កូន​ពី​លើ​ផ្ទះ​ជា​មួយ​និង​ស្នាម​ញញឹម គាត់​ក៏​បន្លឺ​សំឡេង​ឡើង​÷
អាពៅ​ បាន​ហើយ​កូន ព្រឹក​ហ្នឹង​សំអាត​ផ្ទះ​ប៉ុណ្ណឹង​បាន​ហើយ ឆាប់​ទៅ​ងូត​ទឹក ផ្លាស់សំលៀក​បំពាក់​ ហើយ​​ទៅ​រៀន​ទៅ​កូន។
  • បាទ​ម៉ែ តែ​ខ្ញុំសុំ​បង្ហើយការងារ​បន្តិច​ទៀតសិន។
  •  ប្រយ័ត្ន​ខក​រៀន​ណា​កូន!
  •  អត់​អី​ទេ​ម៉ែ​ ថ្ងៃនេះ​កូន​អត់​រៀន​ផង
  • ចុះ​មិន​ទៅ​រៀន​គួរ​ ទេកូន?
  • ប៉ុន្មាន​ថ្ងៃ​នេះ​ លោក​គ្រូ​ អ្នក​គ្រូ​អោយ​សំរាក ព្រោះ​បី​ថ្ងៃ​ទៀត ប្រឡង​ឆមាស​លើក​ទី​១
កំពុង​និយាយ​ផ្តោះ​ផ្តង​ជា​មួយ​ម្តាយ ពេល​នោះ​បង​ប្រុស​សុផល​បាន​ដើរ​មក​ក្បែរ ​គាត់យក​ដៃ​ទះ​ស្មា​បណ្តើរ និយាយ​ទៅ​កាន់​ប្អូន​បណ្តើរ÷
  • ចុះ​វា​ស្អី​ឯង បាន​ជា​ឪស្សាហ៍​ម្ល៉េះ​ថ្ងៃ​នេះ សុទ្ធ​តែក្រោកណា​តាំង​ពី​ព្រលឹម សំអាត​ផ្ទះ​យ៉ាង​ស្អាត នៅ​មាន​ជំរះ​ស្មៅ​ទៀត។ សំអាត​ស្អាត​យ៉ាង​នេះ​ ទំនង​នឹង​សង់​រោង​ការ​តែ​ម្តងហើយ​។
  •  រៀប​ការ​អ្នក​ណា​ទៅ​បង ខ្ញុំ​ចេះ​តែ​សំអាត​អោយ​វា​ស្រលះៗ ដើម្បី​កុំ​អោយ​វា​ស៊ប់​ទ្រុប​ពេក ណាមួយ​បាន​កំចាត់​សំបុក​មូស​ចោល​ខ្លះ​ផង។
  •  អឺ ចេះ​គិត​គូរ​អញ្ចឹង​ល្អ​ហើយ អើ​! ធ្វើ​ការ​ទៅ​ បង​ទៅធ្វើការ​ដែរ​ហើយ។
  • បាទ​ បង!
ពេលបង​ប្រុស សុផល​ ចេញ​បាន​បន្តិច ស្រាប់​តែ​ តារា ជា​មិត្ត​ភក្តិ​រួម​ថ្នាក់​ជាមួយ​ និង​ជា​អ្នក​ជិត​ខាង​ផ្ទះជាប់​របង​គ្នា ជិះ​ម៉ូតូ​ចូល​មក​រក​ សុផល។ ជើង​ចុះ​ពីលើ​ម៉ូតូ​បណ្តើរ និយាយ​មក​កាន់​សុផល​​​បណ្តើរ÷
  • សុផល តើថ្ងៃ​នេះ​ឯងទំនេរទេ? (តារា)
  •  ទំនេរតើ  តើ​ឯង​មានការ​អីរឺ? (សុផល)
  • គ្នា​ចង់​មក​បបួល​ឯង​ទៅ​ដើរ​លេង នៅ​ភ្នំ​សន្ទុកហ្នឹង​ណា។ តើឯង​ទៅ​ជា​មួយ​គ្នា​ទេ?
  • ចុះ​ឯង​ទៅ​ជា​មួយ​នរណា​ខ្លះ? (សុផល​ពោល​ទាំង​ជ្រួញ​ចិញ្ចើម)
  •  មើល ធ្វើ​កុំ​ភ័យ​មើល យើង​មិន​មែន​ទៅ​តែ​ពីរ​នាក់​ឯណា មាន​មិត្ត​ភក្កិ​យើង​ច្រើន​នាក់​ទៀត​ទៅ​ដែរ ហើយ​ប្រហែល​ជា​ជិត​ ១០ នាក់​ឯណោះ។
  •  ចុះ​ តើពេល​ណា​យើង​ត្រឡប់​មក​វិញ? ហើយ​តើ​យើង​ជិះ​អី​ទៅ អឺ ខ្ញុំ​អត់​មាន​លុយ​នៅ​ក្នុងខ្លួន​ផង។
  •  កុំ​បារម្ភ​អី យើង​ជិះ​ម៉ូតូ​ទៅ​ទាំង​អស់​គ្នា។ បើ​យើង​ចេញ​ដំណើរ​លឿន យើង​ប្រហែល​ជា​ទៅ​ដល់​ភ្នំ​សន្ទុក​នៅ​ម៉ោង​ ១០ ហើយល្ងាច​ប្រ​ហែល​ម៉ោង​ ៥​ សឹមយើង​ត្រឡប់​មក​វិញ។ រឿង​លុយ​ រឿង​កាក់​មិន​ជា​បញ្ហា​ទេ ព្រោះ​យើង​មាន​ទៅ​ចាយវាយ​​អី​ច្រើន​ឯណា។ 
  • ចុះ​​ឥឡូវ ឯ​ង​សំរេច​ថា​ទៅ​    រឺ​អត់?
  • តែ​ខ្ញុំ​ ដូច​ជា​មិន​សូវ​ចង់​ទៅ ព្រោះ​ចង់​នៅ​មើល​មេរៀន​សំរាប់​ប្រឡង។
  • ចាំ​មក​វិញ​ចាំ​មើល​ក៏បាន ទៅលំ​ហែ​អោយ​ស្រលះ​ខួរ​ក្បាល ហើយ​មក​វិញ​​ ឯង​នឹង​មានអា​រម្មណ៌ ​ល្អ រឹត​តែ​មើល​មេរៀន​ឆាប់​យល់។ នែ៎! ទៅ​ជាមួយ​គ្នា​ទៅ អូ! ដារី ក៏​ទៅ​ដើរ​លេង​ជាមួ​យ​យើង​ដែរ ឯងប្រយ័ត្ន​ស្តាយ​ក្រោយ​ណា។
  • អើ! ខ្ញុំ​ទៅ​ក៏បាន។ អញ្ចឹង​ឯង នៅ​ឈរ​ចាំ​គ្នា​សិន​ទៅ​ណា គ្នា​ទៅ​ប្រាប់​ម៉ែ​ និងទៅ​មុជ​ទឹក ប្តូរ​  ខោ​អាវ​ចេញសិន​។
និយាយ​ហើយ សុផល ម្នី​ម្នាងូត​ទឹក និង​ស្លៀក​ពាក់ បន្ទាប់​មក​រត់​ទៅ​រក​ម្តាយ​ដែល​កំពុង​សំអាត​ចង្ក្រាន​បាយ។
  • ម៉ែៗ ខ្ញុំ​ទៅ​នោះ​មួយ​ភ្លេត
  • ឯងប្រយ៉ាប់​ទៅ​ណា​ សុផល? ក្រែង​ថា​មិន​ទៅរៀន​ទេ​ មែន​ទេ​កូន?
  • ខ្ញុំ​ទៅ​ផ្ទះ​មិត្ត​ភក្កិ​ខ្ញុំ
  • ផ្ទះ​មិត្តភក្កិឯង? មិត្តភក្កិមួយណា?
  • ទោះ​ជា​ខ្ញុំ​ប្រាប់​ម៉ែក៏ ​ម៉ែ​មិន​ស្គាល់​គេ​ដែរ ឥឡូវ​ខ្ញុំ​ប្រ​ញ៉ប់ ខ្ញុំ​ទៅ​ហើយ​ណា​ម៉ែណា។
និយាយ​ហើយ សុផល​ ក៏​រត់​ចេញ​ទៅ​យ៉ាង​លឿន ឯម្តាយ​សុផល​​ដើរ​ទៅ​មើល​កូន​ព្រោះ​លឺ​     សំលេង​ម៉ូតូ​ចេញ​ទៅ ប៉ុន្តែ​មើល​អត់​ទាន់ មិន​ដឹង​ថា​កូន​ចេញ​ទៅ​ជា​មួយ​នរណា?
ក្រុម​យុវជន​ យុវតី​ប្រមាណ​ជា​ជិត​​ ១០​នាក់ ​ បាន​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ភ្នំ​សន្ទុក ដោយ​ម៉ូតូ​មួយ​ជិះ​បី​នាក់។ ពេល​មក​ដល់​ជើង​ភ្នំ ពួក​គេ​នាំ​គ្នា​យក​ម៉ូ​តូ​ទៅ​ផ្ញើរ​ ហើយ​ក៏​បន្ត​ឡើង​ទៅ​កំពូល​ភ្នំ​តែ​ម្តង។​   សំរស់​ព្រៃ​ឈើ សំលេង​សត្វ​យំ និង​សំ​លេង​រីក​រាយ​លាយ​ឡំ​ជា​មួយ​ការ​ចំ​អន់​ដាក់​គ្នា​ បាន​ធ្វើ​អោយ​   យុវកំលោះ​ យុវតី​យើង​ចំណាយ​ពេល​កំសាន្ត​រហូត​ដល់​ពេល​ល្ងាច។​
លើ​ភ្នំ​សន្ទុក​…
  • នែ៎ពួក​យើង នាំត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​ណា នេះ​មេឃ​ងងឹត​រក​កល់​នឹង​ភ្លៀង​ហើយ។
  • តោះ​អញ្ចឹង យើង​រុះ​រ៉ាន់​ឡើយ​ ដើម្បី​កុំ​អោយ​ទទឹក​ទឹក​ភ្លៀង។
  •  ចុះ​ឯង​ម៉េច​ក៏​មិន​មក​ជួយ​ប្រមូល​ឥ​វ៉ាន់​គ្នា គិត​តែ​ឈរ​បញ្ជារ!
  • អើៗ ជួយ​មួយ​ដៃ​ម្នាក់​ទៅ ឆាប់​រួច​នឹង​អាល​បាន​ទៅ​ផ្ទះ។
ចេញផុត​ពី​ភ្នំ​សន្ទុកបាន​បន្តិច មេឃ​ក៏​ចាប់​ផ្តើម​ងងឹត ហើយ​ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់​ខ្លាំង ងងឹត​មើល​គ្នា​មិន​ធ្លុះ។ ទាំង​យុវកំលោះ និង​យុវតី  ភិត​ភ័យ​នឹង​ផ្លេក​បន្ទោរ និង​រន្ទះ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​បើក​ម៉ូ​តូ​ធ្វើ​ដំណើរ​ទៅ​មុខ​ជានិច្ច។ អ្នក​បើក​ម៉ូតូ​ខំ​ប្រឹង​ទប់​នឹង​កំលាំងខ្យល់​បក​ផង កំលាំង​ភ្លៀង​ផង ស្ទើរ​តែ​ធ្វើ​អោយ​អ្នក​បើករបូត​ដៃ​ចេញ​ពី​ចង្កូត។ តារា​បើក​ម៉ូតូ​យ៉ាង​តក់​ក្រហល់ ព្រោះ​ប្រយ័ត្ន​អោយ​ឆាប់​ដល់​ផ្ទះ ដោយ​ឌុបមិត្ត​រួម​ដំណើរ​ពីរ​នាក់​ទៀត​គឺ សុផល​ (អង្គុយ​ក្រោយ) និង​រដ្ឋា។ ពេល​នោះ​ សុផល បាន​លឺ​ សំលេងដូច​ជា​មិត្ត​ភក្តិ​ស្រីៗ​ស្រែក​អោយ​ឈប់ លឺ​បែប​នេះ​សុផល​ ក៏​ស្រែក​ប្រាប់​ តារា​​ ÷
  • តារា​ ឈប់​សិន​ទៅ​ ខ្ញុំ​ដូច​ជា​លឺ សំលេង​ស្រី​ៗ​ស្រែក​ហៅ​ពួក​យើង មិន​ដឹង​ជា​បែក​កង់​ម៉ូតូ​ រឺ​អស់​សាំង​ទេ?
សុផល មិន​ទាន់​បាន​និយាយ​ចប់​សេច​ក្តី​ផង​ តារា ក៏​បង្អន់​ម៉ូតូ  និង​បត់​ទៅ​ក្រោយយ៉ាងលឿន​  បណ្តាល​អោយ​រថយន្ត​តូរីស​ដែល​កំពុង​បើក​យ៉ាង​លឿន​ពី​ក្រោយ​ស្រប​ទិស​ជា​មួយ​ម៉ូតូ​ ចាប់​ហ្វាំង​មិន​ទាន់ ហើយ​ក៏​បុក​ម៉ូតូ​ តារា​ យ៉ាងពេញ​ទំហឹងលឺ​ដូច​រន្ទះ គ្រាំ.. គ្រឺត.. ងឺត..​ ហើយ​ក៏បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ទាំង​ប៉ុន្មាន​ធ្លាក់​ចុះ​ រមៀរ រប៉ាត់​​រប៉ាយ និង​របួស​ពេញ​ថ្នល់។
យុវជន​ទាំង​បី​ដេក​ស្តូក​ស្តឹង​ពេញ​ថ្នល់ ម៉ូតូ​ដួល​ខ្ជាត់​ខ្ជាយ​គ្រឿង​ពេញ​ថ្នល់ ចំនែក​ឡាយ​រេចង្កូត​មក​ចិញ្ចើម​ថ្នល់។​ ជួប​សភាប​បែប​នេះ​ ម្ចាស់​រថយន្ត​បាន​បើក​ទ្វា​ឡាន រត់​បាត់​ស្រមោល​បន្សល់​ទុក​ជន​រង​គ្រោះ​ និង​រថយន្ត​នៅ​កន្លែង​កើត​ហេតុ។ ឈាម​របស់​ជន​រង​គ្រោះ​ក្រ​ហម​ច្រាល ហូរ​លាយ​ជាមួ​យ​ទឹក​ភ្លៀង ហើយ​ដង្ហើម​របស់​ពួក​គេ​ចាប់​ផ្តើម​ចុះ​ខ្សោយ​ទៅៗ។ ប៉ុន្មាន​នាទី​ក្រោយ​មក​ ស្រាប់​តែ​មាន​        សំ​លេងរថ​យន្ត​សង្រ្គោះ​បន្ទាន់​របស់​មន្ទី​ពេទ្យ​ខេត្តបើក​មក​ដឹង​ជន​រង​របួស។
សំលេង​​មនុស្ស​មក​មើល​អ្នក​របួស​យ៉ាងអ៊ូ​អរ កំពុង​ជជែក​ និងដេញ​ដោល​គ្នា មិន​ដឹង​ថា​ពួក​គេ​កំពុងនិយាយ​ពី​រឿង​អ្វី​ខ្លះ ប៉ុន្តែ​មាន​សំលេង​ស្រ្តី​ម្នាក់​កំពុង​ជជែក​ជា​មួយ​អ្នក​បើក​រថយន្ត​សាមុយ។​ ​​ 
  • នេះ​កូន​ខ្ញុំ​ លោក​គ្រូ​ពេទ្យ គេ.. គេហូរឈាម​ច្រើន​ណាស់​ ដឹក​គេ យក​គេ​ទៅ​ពេទ្យ​អោយ​លឿង​ទៅ​ៗ លោក​គ្រូ អស់​ប៉ុន្មាន​ក៏​ខ្ញុំ​ចំណាយ​ដែរ​អោយ​តែ កូន​ខ្ញុំ​រស់​  តារា.. កូន​.. ម៉ាក់​មក​ដល់​ហើយ​កូន.. កូន​កុំ​កើត​អី​ណា..
  • ២០ ដុល្លារ​ថ្លៃ​ដឹក បើ​យល់​ព្រម​ខ្ញុំ​លើក​ដាក់​ឡាន​ភ្លាម
  • ចា៎ៗ បានៗ លោក​គ្រូ​ពេទ្យ ខ្ញុំ​អោយ..​ នេះ​លុយ.. យក​កូន​ខ្ញុំ​ទៅ​អោយ​លឿន​ទៅ!
ក្រោយ​ពីទទួល​លុយ​ពី ម្តាយ​ តារា ហើយ អ្នក​ដឹក​រថយន្ត​សង្រ្គោះ​បន្ទាន់​នាំ​គ្នា​ម្នី​ម្នា​លើក​ តារា ដាក់​ឡាន​ ហើយ​ក៏​បើក​ចេញ​ទៅ បន្សល់​ទុក​ក្មេង​ប្រុស​របួស​ធ្ងន់​ពីរ​នាក់​ទៀត ដែល​កំពុង​ដេក​ស្តូក​ស្តឹង​កណ្តាល​ថ្នល់​ មិន​ដឹង​ថា​ពេល​ណា​សាច់​ញាតិ​ខ្លួន​មក​ទទួល។​
កន្លះ​ម៉ោង​ក្រោយ​មក​ សាច់​ញាតិ​របស់​ក្មេង​ប្រុស​ឈ្មោះ​ រដ្ឋា បាន​មក​ដល់។ ពួក​គេ​ប្រ​យ៉ាប់​   ប្រ​ញាល់រួស​រាន់​ដឹក​អ្នក​របួស​ទៅ​មន្ទី​ពេទ្យ។ នៅ​ពេល​នេះ​នៅ​សល់​តែ​ សុផល ម្នាក់​គត់​ដែល​កំពុង​ដេក​សន្លប់​នៅ​កណ្តាល​ផ្លូវ​ ហើយ​​មិនទាន់​ឃើញ​សាច់​ញាតិ​មក​ទទួល​សោះ។ មនុស្ស​ម្នា​ដែល​មើល​ជន​    រង​គ្រោះ ចាប់​ផ្តើម​ចាក​ចេញ​ម្តង​ម្នាក់ៗ​។ ដោយ​មើល​ឃើញ អ្នក​របួស​ដេក​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ ​និង​ក្រោម​មេឃ​ងងឹត​​បែប​នេះ​  ហើយ​ម្យ៉ាង​ទៀត​ឡាន​ក៏​កំពុង​បើក​ទៅ​មក​ អ្នក​ដំណើរក៏​​នាំ​គ្នា​លើក​ សុផល​​ ​ដាក់​នៅ​ចិញ្ចើម​ថ្នល់ ហើយ​គ្រប​កៅ​ស៊ូ​ពី​លើ។​ ចាប់​ពី​ម៉ោង​ ប្រាំ​មួយ​ល្ងាច​រហូត​ដល់​ម៉ោង​ ប្រាំ​ពីរ​យប់​ ភ្លៀង​នៅ​តែ​ធ្លាក់​ចុះ​មិន​ដាច់​គ្រាប់។ សុផល​ តាំង​ពី សន្លប់​រហូត​ដឹង​ខ្លួន​ ពី​ដឹង​ខ្លួន​ទៅ​សន្លប់​ ហេតុ​អ្វី​គ្មាន​នរណា​ម្នាក់​ដឹក​គេ​ទៅ​មន្ទី​ពេទ្យ​សោះ​អញ្ចឹង? គ្រប់​គ្នា​ប្រ​ហែល​ជា​គិត​ថា​ សុផល​ ស្លាប់​បាត់​ហើយ​ បាន​ជា​ម្នាក់​ៗមិន​រវី​រវល់​នឹង​រាយ​កាយ​មួយ​នេះ។ ការ​រង​ចាំ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ មក​រំ​ដោះ​ភាព​ភ័យ​ខ្លាច​ពិត​ជា​គួរ​អោយ​ខ្លាច​ណាស់ មេឃ​ក៏​ងងឹត​ ភ្លៀង​ក៏​ធ្លាក់ គ្មាន​នរណា​ម្នាក់​អោយ​កំលាំង​ចិត្ត ហើយ​ក៏​មិន​ហាន​បិត​ភ្នែក​ព្រោះ​ខ្លាច​មិន​បាន​ឃើញ​ពិភព​លោក​ត​ទៅ​ទៀត។​ សំនួរ​ជា​ច្រើន​ផុស​ឡើង​ក្នុង​ខួរ​ក្បាល​ សុផល «តើ​ជីវិត​របស់​ខ្ញុំ ត្រូវ​បញ្ចប់​នៅ​ពេល​នេះ​មែន​ទេ?»។ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ស្រិច​ៗ លាយ​ឡំ​ជាមួយ​នឹង​សំឡេង​ផ្លេក​បន្ទោរ​ និង​ពន្លឺ​ភ្លឹប​ភ្លេត ហើយ​នូវ​មាន​សំឡេង​ហ៊ីង កង្កែប ស្រែក     ទ្រហឹង។ ហ្វា​ឡាន​ជា​ច្រើន​បាន​បើក​កាត់ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ម្នាក់​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ម្នាក់​​នេះ​បែប​នេះ? តើ​គេ​មាន​តំ​លៃ​សំរាប់​ពិភព​លោក​មួយ​នេះទេ? ឈាម​កំ​ពុង​ហូរ​ចេញ​ពី​ខ្លួន​សុផល​លាយ​ឡំ​ជា​មួយ​ទឹក​ភ្លៀង វា​ស្ទើរ​តែ​ខ្សោះ​អស់​ពី​ខ្លួន​ ណា​រងារ​ ណា​ឈឺ​មុខ​របួស ហើយ​នឹង​​    អា​រម្មណ៌​​ភ័យ​ខ្លាច​មិន​បាន​ជួប​មុខ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ អ្នក​ដំណើរ​ទាំង​ឡាយ​ ទៅ​ហួស​ មក​ហួស សុផល​មិន​ទាន់​ស្លាប់​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ជួយ​​សុផល? ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ម្នាក់​ រវីរវល់​នឹង​ជីវិត​ក្មេង​ប្រុស​ម្នាក់​នេះ​​បែប​ហ្នឹង? តើ​គ្រប់​គ្នា​កំពុង​គិត​ថា​នេះ​ជា​ជីវិត​សត្វ​កណ្តុរ​មួយ​ក្បាល​ ដែល​ត្រូវ​ឡាន​បុក​​ហើយ ​បណ្តោយ​អោយ ស្លាប់ និង​​​ស្អុយ​​រលួយ​ចោល​នៅ​ចិញ្ចើម​ផ្លូវ​នេះ​ចុះ? ដង្ហើម​របស់​ សុផល​ នៅ​តែ​មាន​ កែវ​ភ្នែក​កំពុងសំលឹង​មើល​ពន្លឺ​ហ្វា​ឡានដែល​បើក​កាត់ ដៃ​ព្យាយាម​កំរើក បបូរ​មាត់​ស្លេក​ញ័រ ប្រឹង​ហា ដើម្បី​ស្រែក​ប្រាប់​គេ​ថា​ «ខ្ញុំ​នៅ​ទី​នេះ​ ខ្ញុំ​មិន​ទាន់​ស្លាប់​ទេ ជួយ​ខ្ញុំ​ផង!»។ តាំង​ពី​កើត​ឧបទ្ទវហេតុ​រហូត​ដល់​ពេល​នេះ​គឺ​មាន​រយះពេល​ជិត​ពីរ​ម៉ោង​ហើយ សុផល មិន​អាច​ធ្វើ​អ្វី​កើត​បាន​តែ​បើក​ភ្នែក​ប្រឹមៗ បង្ហូរ​ទឹក​ភ្នែក នឹក​រលឹក​ក្រុម​គ្រួសារ និង​បែរ​បន់​សុំ​អោយ​ទេវតា​ជួយ។ សុផល    ព្យាយាម​ប្រាប់​ខ្លួន​​ឯងមិន​ដឹង​ជា​ប៉ុន្មាន​ដង​ទេ​ថា គេ​មិន​ស្លាប់​ទេ ​​​ គេ​មិន​ទៅ​ចោល​មនុស្សជាទី​ស្រលាញ់​ដោយ​ងាយ​ៗ នោះ​ទេ។ គេ​ត្រូវ​តែ​បើក​ភ្នែក​ ហើយ​រង​ចាំ គេ​ត្រូវ​តែ​រស់ គេ​នៅ​មិន​ទាន់​បាន​ធ្វើ​អ្វី​អោយ​ ​ម្តាយ​ និង​ក្រុម​គ្រួសារ​សប្បាយ​ចិត្ត និង​មាន​មោទន​ភាព​លើ​រូប​គេ​​នៅ​ឡើយ។ «ម៉ែ ខ្ញុំ​បាន​ធ្វើ​រឿង​ជា​ច្រើន​ដែល​ធ្វើ​   អោយ​ម៉ែ​មិន​សប្បាយ​ចិត្ត ខ្ញុំ​រឹង​រួស ខ្ញុំ​​តមាត់​ខ្លាំងៗ​ជា​មួយ​ម៉ែ ខ្ញុំ​ខ្ជិល​រៀន​ … ខ្ញុំ​ត្រូវ​តែ​រស់ដើម្បី​ធ្វើ​អោយ​ម៉ែ​ សប្បាយ​ចិត្ត ម៉ែ.. កូន​រងារ.. កូន​ឈឺ..»។ ខណះ​ពេល​នោះ​ សំលេង​ម៉ូតូ​ និង​ឡាន​បង្អន់ឈប់​ ស្រ្តី​​ម្នាក់​រត់​ស្ទុះ​ចេញ ពី​ម៉ូតូ យ៉ាង​ប្រញាប់​ប្រ​ញាល់។
  • សុផល តើកូន​មែន​ទេ? កូន​យ៉ាង​ម៉េច​ទៅ​ហើយ?
  • ម៉ែ កូន មិន​អី​ទេ!
និយាយ​បាន​បន្តិច​ សុផល​ ក៏​សន្លប់​បាត់​ស្មារតី​..
  • កុំ​ភិត​ភ័យ​ណា​កូន.. ម៉ែ​មក​ដល់​ហើយ..​ ម៉ែ​នាំ​កូន​ទៅ​ពេទ្យ..
(ការពិត​ថ្ងៃ​នេះ​ម្តាយ​សុផល​មាន​អារម្មណ៍​រសាប់​រសល់ខុស​ពី​ធម្មតា លឺ​កូន​ប្រាប់​ថា​ទៅ​ផ្ទះ​មិត្ត​ភក្តិ តែ​មិន​ដឹង​មិត្ត​ភក្តិ​មួយ​ណា​ ហើយ​នៅ​​ឯណា។ គាត់​ទន្ទឹង​ចាំ​មើល​ផ្លូវ​កូន​តាំង​ពី​ថ្ងៃ​រហូត​ល្ងាយ ល្ងាយ​រហូត​យប់ នៅ​តែ​មិន​ទាន់​ត្រឡប់​មក​វិញ​ទៀត។​ ឃើញ​ផ្ទះ​ តារា ដែល​នៅ​ក្បែរ​នោះមាន​មនុស្ស​ចេញ​ចូល តែ​មិន​បាន​ចាប់​អារម្មណ៍ ពេល​រថយន្ត​ដឹក​សព​ តារា​ មក​ដល់ផ្ទះ  ទើប​ដឹង​ថា​ តារា​   ត្រូវ       ​រថយន្ត​បុក​ ជិត​ភ្នំ​សន្ទុក។ គាត់​ក៏​សួរ​រក​ សុផល តែ​គេ​ប្រាប់​ថា​មិន​បាន​ចាប់​អារម្មណ៌ តែ​គ្រាន់​តែ​ប្រាប់​ថា​មាន​ក្មេង​ពីរ​នាក់​ទៀត​ត្រូវ​ឡាន​បុក​ដែរ។​ ពេល​នោះ​ដែរ បង​ប្រុស​ សុផល​ ជិះ​ម៉ូតូ​ចូល​ផ្ទះ​ ហើយ​ប្រាប់​ម្តាយ​ថា សុផល​ បាន​ទៅ​ដើរ​លេង​ជា​មួយ​ តារា កាល​ពី​ថ្ងៃ ព្រោះ​មិត្ត​ភក្តិ​ សុផល​ ប្រាប់​គាត់​​អំបាញ់​មិញ​នេះ។ ពេល​ទទួល​ដំណឹង​បែប​នេះ​ ម្តាយ​​សុផល​ និង​បង​ប្អូន​នាំ​គ្នា​ប្រញាប់​ប្រញាល់​ទៅ​​កន្លែង​កើត​ហេតុ។ គាត់​បាន​ពឹង​ឡាន​ឈ្នួល​អ្នក​ជិត​ខាង​អោយ​ទៅ​ជួយ​យក​ ដោយ​មាន​ម៉ូតូ បង​ប្រុស​សុផល​ បើក​ទៅ ជាមួយ​ដែរ។​)
      នៅ​ពេល​ដឹក​ សុផល មក​ដល់​មន្ទី​រពេទ្យ គ្រូ​ពេទ្យ​បាន​បង្គប់​អោយសាច់​ញាតិ​លើក​អ្នក​របួសដាក់​លើ​គ្រែ​រុញ ហើយ​ចាប់​ផ្តើម​វាចា​​÷
  • កូន​មីង​អស់​ឈាម​ច្រើន​ណាស់ គេ​ត្រូវ​ការ​ឈាម​បញ្ចូល​ជា​បន្ទាន់ តែ​ថា​មីង​ឯង​មាន​លុយ​ព្យាបាល​កូន​ទេ?
  • លុយឥឡូវ​ ខ្ញុំ​មាន​ជាប់​ខ្លួន​តែ​បន្តិច​បន្តួច ប៉ុន្តែ​ខ្ញុំ​នឹង​ទៅយក​មក​ថែម​ទៀត លោក​គ្រូ​ពេទ្យ​ព្យាបាល​កូន​ខ្ញុំ​អោយ​លឿន​ទៅ ខ្ញុំ​សន្យា​ណា ថា​ខ្ញុំ​នឹង​ទៅ​រក​លុយ​យក​ព្យាបាល អោយ​គ្រប់​កាក គ្រប់​សេន។
គ្រូ​ពេទ្យ​​ពេប​មាត់   ហើយ​សំលឹង​មើល​​ស្រ្តី​ចំណាស់​​តាំង​ពី​លើ​ក្បាល​ ដល់​ចុង​ជើង   ហើយ     ​ក៏​ពោល÷
  • នៅ​ចាំ​ហ្នឹង​សិន​ហើយ ខ្ញុំ​ទៅ​បង្ហើយ​ការងារ​បន្តិច។
គ្រូ​ពេទ្យ​ដើរ​ចេញ​ទៅ មួ​យ​សន្ទុះ​ធំ​ទើប​ដើរ​ចេញ​មក​វិញ ដោយ​មាន​សារ៉ូម​មួយ​កំផ្លោក​មក​      ជាមួយ។​  ក្រោយ​ពី​បន្តោង​សារ៉ូម​ហើយ  គ្រូពេទ្យ​ក៏​ដើរ​ចេញ​ទៅបាត់​ម្តង​ទៀត។    អ្នក​ម្តាយ​អង្គុយ        ​សំលឹង​មើល​ភាព​ស្លេក​ស្លាំង​ និង​ក្តី​ឈឺ​ចាប់​របស់​កូន​ ទឹក​ភ្នែក​អ្នក​ម្តាយ​ស្រក់​ចុះ​ឥត​ដាច់ នេះ​ក៏​ព្រោះ​​អាណិតហើយ​មិន​អាច​សំរាល​​ការ​ឈឺ​ចាប់​របស់​កូនបាន។ សុផល​ ចាប់​ផ្តើម​​បើក​ភ្នែក​ប្រឹមៗ​ ម្តង​ទៀត ហើយ​បន្លឺ​​វាចារ÷
  • ម៉ែ​ កុំ​បារម្ភ​អី ខ្ញុំ​មិន​ស្លាប់ទេ ខ្ញុំមិន​ទាន់​បាន​សង​គុណ​ម៉ែ​នៅ​ឡើយ ដូច្នោះ​កូន​មិន​ទៅ​ណា​ចោល​ម៉ែ​ទេ។ ម៉ែ​ អោយ​កូន​សុំ​ទោស​ចំ​ពោះ​ទង្វើរ​​ដែល​កូន​បាន​ធ្វើ​កន្លង​មក កូន​នឹង​ឈប់ដើរ​លេង ឈប់​តមាត់ជាមួយ​ម៉ែ​ទៀត​ហើយ។
មួយ​សន្ទុះ​ក្រោយ​មក..
  • ម៉ែ.. កូន.. កូន​ឈឺ.. កូន​រងារ.. ម៉ែ..
សំលេង​ថ្ងូរ​កាន់​តែ​ខ្សោយ​ទៅៗ បបូរ​មាត់​សុផល​ស្លេកទៅៗ ដង្ហើម​របស់​ក្មេង​ប្រុស​ដ៏​កំសត់​ ម្នាក់នេះ ចាប់​ផ្តើម​ឈប់។ ដួង​វិញ្ញាណទាំង​ឡាយ​ចាប់​ផ្តើម​ចេញ​ចាក​ពី​រូបកាយ បន្សល់​តែ​សំបក​ខ្លួន​ឥត​វិញ្ញាណ។
សំលេង​អ្នក​ម្តាយ​ស្រែក​ទ្រ​ហោ​ហៅ​កូនកុំអោយ​ទៅ​ណា      ហៅ​ពេទ្យ​អោយ​សង្គ្រោះ   ហៅ​ទេវតាអោយ​ជួយ​ប្រណី តែ​គ្មាន​អ្វី​ដែល​អាច​ទាញ​ជីរិត​កូន​មក​វិញ​បាន​សោះ។ អ្នក​ម្តាយ​ស្រែក​ពេញ​ទំហឹង​ លាន់​លឺ​ពេញ​ពេទ្យ នេះ​ជា​សំលេង​ខឹង​សំបាល​ចំពោះ​អាកប្បកិរិយា​របស់​ពេទ្យ។ ម្នាក់ៗ​ដើរ​មក​មើល ពួក​គេ​អាណិត​អ្នក​ម្តាយ​ជា​ខ្លាំង ហើយ​ម្នាក់ៗ​ពោល​ឡើង​ថា «នេះ​ក៏​ព្រោះ​ម្តាយ​គ្មាន​លុយ​បង់  អោយ​ពេទ្យ​ បាន​ជា​ពេទ្យ​ទុក​ចោល​ ហើយ​មិន​ប្រញ៉ាប់​ព្យាបាល»។ អ្នក​ម្តាយ​យំ​ស្រែក​មិន​បាន​ប៉ុន្មាន​នាទី ផង ក៏​សន្លប់​បាត់​ស្មារតី​ឈឹង។
នៅ​ពេល​អ្នក​ម្តាយ​ដឹង​ខ្លួន​វិញ អ្វី​ៗ​ទាំង​អស់​មិន​មែន​ជាការ​យល់សប្តិ​ទេ។ ញាតិ​មិត្ត​មក​ពេញ​ផ្ទះ ទាំង​អាចារ្យ​ និង​ព្រះ​សង្ឃ។  ពេល​វេលាកន្លង​ទៅ​រយះ​ពេល​មួយ​យប់រួច​ទៅ​ហើយ     នេះ​ជា​ពេល​វេលា  ​សំរាប់នាំ​សាកសព​បញ្ចុះ​នៅ​ទី​បច្ឆា។​ អាចារ្យ​ចាប់​ផ្តើម​សូត្រ​មន្ត​ និង​ប្រោះ​ព្រំ សុំ​អោយ​វិញ្ញាណ​ក្ខ័ន​របស់​អ្នក​ស្លាប់ទៅ​កាន់​សុគតិភព។ ញាតិ​មិត្ត​បង​ប្អូន​ប្រុស​ៗ​ នាំ​គ្នា​លើក​ត្រកង​សពដែល​រឹង​កំព្រឹស​ដូច​ដុំ​ថ្ម ​រុំដោយ​​ក្រណាត់​ស និង​ចង​ជា​បីកំណាត់ ហើយ​ក៏​លើក​ដាក់​ចូល​ក្នុង​ក្តារ​មឈូស។ អ្នក​ម្តាយ​ឈរ ​សំលឹង​មើល​កូន​មិន​ដាក់​ភ្នែក   «កូន​ប្រុស អាយុ​ជីវិត​កូន​ពិត​ជា​ខ្លី​ណាស់ កូន​តស៊ូ​រស់​នៅ​ជា​មួយ​ម្តាយ​យ៉ាងលំបាក​លំបិន តាំង​ពី​​កើត​រហូត​ដល់​ពេល​នេះ ម្តាយ​មិន​បាន​ផ្តល់​ជីវិត​ដល់​ល្អ​សំរាប់​កូន​ ហើយ​ឥឡូវ​កូន​ត្រូវ​មក​ស្លាប់​ក្នុង​សភាព​បែប​នេះ​ទៀត។ ចុង​ក្រោយ​ពេល​កូន​ត្រឡប់​ទៅ​វិញ​  ម្តាយ​មិន​មាន​អ្វី ​ផ្តល់​អោយ​កូន​ក្រៅ​ពី​ភួយ​ ខ្នើយ និង​សំលៀក​បំពាក់​មួយ​កំ​ភ្លេរ​នេះ..»​។
ពេល​កំពុង​លើក​សព​ដាក់​ចូល​ក្នុង​មឈូស ខ្ញុំ​សង្កេត​ឃើញ​ក្មេង​ស្រី​ម្នាក់​ អាយុ​ប្រមាណ​ជា​ ១៥ ឆ្នាំ ស្លៀក​ពាក់​សំលៀកបំពាក់​សាលា អារ​ស សំពត់​ខៀវ ឈរ​សំលឹងសព​​ឥត​ដាក់​ភ្នែក ហើយ​ទឹក​ភ្នែក​របស់​នាង​ចាប់​ផ្តើម​រមៀល​ធ្លាក់​ជា​បន្ត​បន្ទាប់។ មឈូស​ចាប់​ផ្តើម​បិតគំរប ក្មេង​ស្រី​លត់​ជង្គង់ ​អង្គុយ​យំ។ រក្សា​ ក្នុង​សំលៀក​បំពាក់​ស ដើរ​មក​អង្អែល​ខ្នង​ក្មេង​ស្រី​តិចៗ ហើយ​ពោល÷
  • ឯង​កុំ​យំ​អី..​ ប្អូន​ស្រី.. ប្អូន​ប្រុស​ខ្ញុំ​ទៅ​បាន​សុខ​ហើយ.. (សំលេង​អួល​ដើម​ករបស់​ រក្សា)
ក្មេង​ស្រី​ងើយ​សំលឹង​មើល​មុខ​ រក្សា​ទាំង​ទឹក​ភ្នែក​រហាម តប​ទាំង​រអាក់​រអួល÷
  • បង​ស្រី.. ខ្ញុំ.. ខ្ញុំ​.. សូម​ប្រគល់​របស់​នេះ​ទៅ​បង!
  • ចិញ្ចៀន​អី​ទៅ​ប្អូន?
  • នេះ​ជា​ចិញ្ចៀន​ផ្លាទីនដែល​សុផល​ខំ​សន្សំ​លុយ​ទិញ​អោយ​ខ្ញុំ បងស្រី..  យើងបាន​​ស្រលាញ់​គ្នា.. ហើយ​​សន្យា​នឹង​គ្នា​ថា​ ពេលយើង​រៀន​ចប់​យើង​នឹង​រៀប​ការ​ជាមួយ​គ្នា។ ​តែ​ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រគល់​ចិញ្ចៀន​នេះ​ជូន​បង​វិញ.. អោយ​ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​មិន​អាច​រក្សា​វា​តទៅ​ទៀត​បាន។​ បង​ស្រី​.. ខ្ញុំ​ពិត​ជា​ពិបាក​បំភ្លេច​ សុផល ណាស់ (យំ)។
ពេល​វេលា​បញ្ចុះ​សព​បាន​មក​ដល់​ បង​ប្រុស​សុផល​នៅ​តែ​មិន​ទាន់​ទាក់​ទងវត្ត​ណាដើម្បី​បញ្ចុះ​បាន​ឡើយ។ វត្ត​​ដែល​នៅ​ក្បែរ​នោះ បាន​ទទួល​ការ​ស្នើរ​សុំ​ពី​ឪពុក​ម្តាយ​ តារា រួច​ទៅ​ហើយ ឯវត្ត​ដទៃ​ទៀត​គេ​មិន​ទទួល។​
ភ្លេង​ខ្លង​ខែកចាប់​ផ្តើម​បន្លឺ​ឡើង​ព្រម​គ្នា ញាតិ​មិត្ត​ទាំង​អស់​ចាំ​ផ្តើម​រៀប​ចំ​ខ្លួន​ចេញ​ដំណើរ​ដង្ហែរ​សព​ទៅ​កាន់​ទី​បច្ឆា។ ក្បួន​ដង្ហែរ​សព របស់​សុផល​ និង​ តារា ចេញ​ទៅ​ព្រម​គ្នា តែ​ក្បួន​ តារា​ នាំ​មុខ​មុន។ មឈូស​ តារា ស្ថិត​នៅ​កណ្តាលរថយន្ត​ដង្ហែរ​សព​ដ៏​ប្រណិត មាន​ព្រះ​សង្ឃ អាចារ្យ និង​​ញាតិ​មិត្តកុះ​ករ​ ធ្វើ​ដំណើរ​ដោយ​រថយន្ត​ និង​ម៉ូ​តូ​ទំនើបៗ។​ ផ្កា​មាន​តំលៃ រៀប​ជា​បាច់ និង​ជា​ជួរ​សំរាប់​ហែរ​ហម។ មឈូស​របស់សុផល​ត្រូវ​បាន​តំ​កល់ចំ​កណ្តាល​គោ​​យន្ត​ចាស់ អម​ដោយ​ផ្កា​ភ្ញី​តិច​តួច ព្រម​ទាំង​មាន​  ព្រះ​សង្ឃ​មួយ​អង្គ​ និង​អាចារ្យ​ម្នាក់​អង្គុយ​កំដរ។ ទាំង​ញាតិ​មិត្ត​ ទាំង​មិត្ត​ភក្តិ​ នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ ​ម៉ូតូ​ កង់ និង​ថ្មើរ​ជើង។ ក្បួន​ដង្ហែរចេញ​ផុត​ពី​ផ្លូវ​លំ​ ចូល​ផ្លូវ​ជាតិ​លេខ​ ៦​អា ហើយ​ក៏​បន្ត​ឆ្លង​កាត់​ស្ពាន​ស្ទឹង​សែន។​ មនុស្ស​ម្នា​ជាច្រើន​ រត់​មក​មើល ព្រោះ​ពួក​គេ​មាន​អារម្មណ៍​សោក​ស្តាយ​ដែល​ពេល​​តែមួយ​ មាន​ការ​ដង្ហែរ​សព​ដល់​ទៅ​ពីរក្បួន។​ ផុត​ស្ពាន​ស្ទឹង​សែន ក្បួន​ទាំង​ពីរ​បាន​មក​ដល់​ផ្លូវ​បំ​បែកគ្នា ក្បួន​​របស់ តារា បន្ត​ទៅ​បូជា​នៅ​វត្ត​ក្បែរ​ផ្សារ ឯក្បួន​របស់​សុផល បត់​ចូល​តាម​ផ្លូវ​លំ​ក្រាល​គ្រោះ​ក្រហម​តាម​បណ្តោយ​ស្ទឹង​សែន ដើម្បី​ទៅ​កាន់​វាល​ដ៏​ស្ងប់​ស្ងាត់។ ក្តារ​មឈូស​ទំលាក់​ចុះ​ម្តង​បន្តិចៗ អ្នក​សែង​នាំ​គ្នា​តំរ៉ែ​តំរង់ ដាក់​ចូល​ក្នុង​ទី​បច្ឆា។ គ្រប់​គ្នា​សុំ​បើក​មើល​មុខជា​លើកចុង​ក្រោយ និង​និយាយ​ពាក្យថា​ «លាហើយ សូម​ទៅ​កាន់​សុគតិភពចុះ»។ ដី​ព្រម​ជា​មួយ​ ធូប ទៀន​ និង​ផ្កា ត្រូវ​បាន​ទំន្លាក់ចូល​ទី​បច្ឆា​ជាបន្ត​បន្ទាប់ រហូត​ក្លាយ​ជា​ពំ​នូក​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​សំលឹង​មើល​​ផ្នូរ​សុផ​ល​បណ្តើរ​សួរ​ខ្លួន​ឯង​បណ្តើរ បើ​សិន​ជា​​ភ្លៀងមិន​ធ្លាក់ បើ​​ម្តាយ​តារា អ្នក​ធ្វើ​ដំណើរ និង​គ្រូ​ពេទ្យ​ដឹក​សុផល​ទៅ​ពេទ្យ បើ​គ្រួសារ​សុផល​មក​រក​ សុផល​លឿង​ជាង​នេះ ​បើ​ម្តាយ​សុផល​មាន​លុយ​គ្រប់​គ្រាន់សំរាប់​អោយ​ពេទ្យពេល​នោះ ហើយ​បើ​គ្រូពេទ្យ​បញ្ជូល​ឈាម​ និង​ព្យាបាល​សុផល​ទាន់​ពេល តើ​ទេវតា ផ្តល់​ឪកាស អោយ​សុផល​បាន​ដក​ដង្ហើម​ និង​រស់​នៅ​ក្រោម​ពិភព​លោក​មួយ​នេះតទៅ​ទៀត​ទេ?
នៅ​ពេល​ដែល​រាង​កាយ​របស់​មនុស្ស​នៅ​ជាមួយ​ដី អ្វីៗ​គ្រប់​យ៉ាង​ដែល​មនុស្ស​ធ្លាប់​ស្រ​ម៉ៃ​ត្រូវ​បាន​បញ្ចប់ ឈ្មោះ សម្លេង មុខមាត់ និងរាងកាយស្ថិតនៅក្នុងការចងចាំ។ នៅ​ពេល​ចប់​កម្មវធី ខ្ញុំ​ និង​មិត្ត​ភក្តិ​ខ្ញុំ​ នាំ​គ្នា​សំពះ​លា​ញាតិ​មិត្ត ហើយ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ​ដោយ​ក្តី​សោក​ស្តាយ និង​ចង​ចាំ​នូវ​ការ​ស្លាប់​ដ៏​កំសត់​នេះ​ជា​រៀង​រហូត។  
-ចប់-
និពន្ធដោយ  ម៉ារ៉ាឌី

©២០០៨
​

Comments

Popular posts from this blog

Please Help to Support Sok Yi's Education

រឿង ផ្កា​កំពុង​រីក (Blooming)

Visiting Phu Quoc Island (Koh Tral)